Sacred Heart of Jesus Prektaten

Home Sacred Heart of Jesus Prektaten

ប្រវត្តិព្រះសហគមន៍ ព្រែកតាទែន

នៅស្រុកពញាឮ ខេត្តកណ្តាលសព្វថ្ងៃ ពីដើមធ្លាប់មានព្រះសហគមន៍ចាប់តាំងពីដើមសតវស្សទី ១៦ មកហើយ ប៉ុន្តែដោយសារសង្គ្រាម នាំឲ្យបាត់បង់ព្រះសហគមន៍ទាំងអស់នេះទៅ។ នៅឆ្នាំ ១៩៧៩ មានគ្រួសារគ្រីស្តបរិស័ទខ្មែរមួយ ឈ្មោះយាយ វ៉ឹង ឡៃ ដែលជាគ្រីស្តបរិស័ទនៅភូមិព្រះមាតា ភ្នំពេញពីដើម ក្រោយភៀសខ្លួនទៅវៀតណាម ក៏ត្រឡប់មកស្រុកខ្មែរវិញ ដោយមកតាំងទីលំនៅ ក្នុងភូមិព្រែកតាទែន ស្រុកពញាឮ។ ហើយគ្រីស្តបរិស័ទម្នាក់ឈ្មោះ តាសំឡី ដឺ ម៉ុងតេរ៉ូ ស្នាក់នៅភូមិស្វាយប៉ាក បានស្គាល់គ្រួសារនេះ។ គាត់ទៅសួរសុខទុក្ខពួកគេនៅឆ្នាំ ២០០៤ ក៏នាំគ្រួសារនេះ មកព្រះវិហារនៅភូមិ ស្វាយប៉ាក។

ចាប់ពីពេលលោកឪពុកឆ័ត្រសិរី ដែលជាបូជាចារ្យជំនួយនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ក៏មានឱកាសជួប ប៊ួយ សុគន្ធា កូនយាយឡៃ និងសេង ដាវី ដែលជាគ្រីស្តបរិស័ទតាំងពីនៅជំរំ ជូនកូនចៅ មកព្រះវិហារនៅស្វាយប៉ាក លោកក៏ចាប់ផ្តើមទៅសួរសុខទុក្ខតាមផ្ទះរបស់ពួកគាត់នៅឆ្នាំ ២០០៨។ ឆ្នាំ ២០០៩ លោកបានចាប់ផ្តើមទៅអប់រំជំនឿ នៅផ្ទះដើម្បីពង្រឹងជំនឿគ្រិស្តបរិស័ទនៅទីនោះ។

នៅឆ្នាំ ២០១១ លោកឪពុកវ៉ាំងសង់មកបន្តបេសកកម្ម លោកបានជួលផ្ទះតូចមួយជាប់ផ្លូវជាតិ លេខ ៥ ដោយ សហការជាមួយមីងសេង ដាវី និង អ្នកគ្រូណាគ្រី ប្រមូលកូនក្មេងមកទទួលការអប់រំជំនឿ និងបង្កើតកម្មវិធីកាយរិទ្ធ ជាមួយលោកគ្រូបញ្ញាពីផ្សារតូច និងក្រុមអ្នកស្ម័គ្រចិត្តបារាំង។ ឆ្នាំ ២០១២ លោកបាន ទិញដីដែលជាទីតាំងសព្វថ្ងៃ ទុកសម្រាប់ព្រះសហគមន៍។

នៅឆ្នាំ ២០១៤ លោកឆ័ត្រសិរី ត្រឡប់មកវិញបន្តបេសកកម្មពីលោកវ៉ាំងសង់ ក៏បានរកជំនួយពីថៃ និងបងប្អូនក្នុងស្រុក មកចាក់ដី ដោយសារផ្លូវជាតិពង្រីក ទៅដល់ផ្ទះដែលយើងជួលនោះ លោកបាន ផ្លាស់ប្តូរមកនៅដីរបស់ព្រះសហគមន៍ ដោយធ្វើផ្ទះតូចមួយសម្រាប់បេសកកម្ម ការអប់រំ ដោយមាន បងស្រីថៃពីក្រុមគ្រួសារព្រះហឫទ័យមេត្តារបស់ព្រះយេស៊ូ និងយុវជនពីស្វាយប៉ាកខ្លះមកជួយ។

ចាប់ពីឆ្នាំ ២០១៥ លោកឪពុក ឆាល កាលេ និងលោកគ្រូ ថៃ បញ្ញា មកបន្តបេសកកម្ម លោកឪពុកបានរកជំនួយពីសប្បុរសជន ក្រុមសាសនទូតពីអ៊ីតាលី ក្រុមគ្រួសារបងស្រីព្រះហឫទ័យមេត្តា ពីប្រទេសម៉ាល់តា មកសាងសង់ធ្វើរបងព័ទ្ធជុំវិញដី និងអគារមួយជាន់ជាមជ្ឈមណ្ឌលសម្រាប់អប់រំ ជំនឿនិងកម្មវិធីផ្សេងៗ ដោយថ្វាយឈ្មោះព្រះសហគមន៍នេះថា “ព្រះហឫទ័យរបស់ព្រះយេស៊ូ” សព្វថ្ងៃនេះ មានគ្រិស្តបរិស័ទប្រហែល ៣ គ្រួសារ។

ព្រះសហគមន៍បានបើកសាលាមត្តេយ្យ នៅឆ្នាំសិក្សា ២០១៩ ដោយមានអ្នកគ្រូស្រីអែម ជួយអប់ក្មេងៗ នៅទីនោះ នៅចុងឆ្នាំនេះ លោកឪពុកចន ប៉ែង បានបន្តបេសកម្មនៅទីនោះ លោកបានរៀបចំឲ្យមានអភិបូជា ជារៀងរាល់ខែ និងបន្តការអប់រំជំនឿនិងកម្មវិធីកាយរិទ្ធអប់រំសីលធម៌កូន ក្មេងនៅទីនោះ ដើម្បីចូលរួមកសាងព្រះសហគមន៍នៅប្រទេសកម្ពុជានេះ។

ទោះបីនៅពេលមានកូវីដ ព្រះសហគមន៍នៅព្រែកតាទែន នៅតែរស់រវើក ដោយលោកចំណាយពេល ដើម្បីអភិវឌ្ឍន៍ រៀបចំកន្លែងព្រះវិហារ ដើម្បីឆ្លើយតបបេសកកម្មនៅទីនោះ ដូចជា ការធ្វើសាលាមត្តេយ្យឡើងវិញ រៀបចំប្រព័ន្ធទឹក និងធ្វើកន្លែងអធិដ្ឋានព្រះនាងម៉ារី និងបុណ្យព្រះហឫទ័យដ៏វិសុទ្ធរបស់ព្រះយេស៊ូ ឧបការីព្រះវិហារ បានប្រារព្ធយ៉ាងឱឡារិក ក្រោមអធិបតីភាពលោកអភិបាល។

និងស្វាគមន៍លោកឪពុកអូហ្គូស្ទិន វ៉ន នៅព្រែកតាទែន។ លោកឪពុកវ៉ន បានបន្តបេសកកម្ម មានអភិបូជារាល់ថ្ងៃសៅរ៍ និងពិធីបុណ្យតាមរដូវ ព្រមទាំងបន្តសាលាមត្តេយ្យ សម្រាប់កូនក្មេងនៅទីនោះ។

Get In Touch

Psartoch, PhnomPenh

info@example.com

+012 345 67890

Follow Us

© St.Joseph Catholic Church. All Rights Reserved.

Designed by Dominic Tech Solution