ពេលព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច បើកទ្វារហើយ គ្រីស្តបរិស័ទនៅជំវិញទីក្រុង ភ្នំពេញ តែងតែមកចូលរួមអភិបូជានៅទីនេះ ជាពិសេស តាញីវ និងគ្រិស្តបរិស័ទមួយចំនួន ពីគីឡូម៉ែត្រទី ១១ ខាងជើងនៃទីក្រុងភ្នំពេញ។ ពួកគាត់មកស្មើរសុំឲ្យលោកអភិបាល អេមិល នៅឆ្នាំ ១៩៩៨ សុំបើកព្រះវិហារ នៅតំបន់ខាង ជើងដែលមានគ្រីស្តបរិស័ទរស់នៅ ជុំគ្នាជាច្រើន។
នៅឆ្នាំ ១៩៩៧ លោកឪពុកវីរៈឆ័យ ដែលក្រោយមកទទួលខុសត្រូវនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច បានទៅសួរសុខទុក្ខក្នុងភូមិស្វាយប៉ាក ដែលនៅពេលនោះសុទ្ធតែជាកន្លែងស្រីពេស្យា តាមសំណូមពររបស់គ្រីស្តបរិស័ទ។ លោកបានសហការជាមួយអង្គការ COERR ទិញដីមួយកន្លែង ដើម្បីបង្កើតកន្លែងបង្រៀនកាត់ដេរនៅថ្ងៃធម្មតា ហើយនៅថ្ងៃអាទិត្យប្រើសម្រាប់ការអធិដ្ឋាន។ ក្រោយមក បានទិញមួយផ្ទះទៀតជាប់គ្នានៅខាងលិច ដោយបានជំនួយពីលោកអភិបាលអេមីល ដេតម្ប ព្រមទាំង លោកជំទាវដែលជាភរិយារបស់ឯកឧត្តម គាត ឈន់, និងអង្គការ COERR។ ពេលនោះមាន ការអប់រំយុវជនគ្រីស្តបរិស័ទដំបូងគឺ ឆ្នាំ ១៩៩៨ ដោយបងស្រី ម៉ារី អាឡុង សុភាព(Maria Alian Sopheap) ហើយចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០១០ គឺបងស្រីស៊ីណាជួយការងារណែនាំថែទាំ(pastoral) នៅទីនេះ បងស្រីនិងគណៈកម្មការ បានសុំឲ្យលោកឪពុកឆ័ត្រសិរីនៅពេលនោះ ជួយបង្រួមផ្ទះដែល ដាច់ពីគ្នាទាំងនោះ ឲ្យមានទ្រង់ទ្រាយជាព្រះវិហារតែមួយនៅឆ្នាំ ២០០៧។
កម្មវិធីបង្រៀនកាត់ដេរស្រីៗបន្ថយ ព្រោះបនស្រីចាប់ផ្តើមបិទបន្តិចម្តងៗ។ អង្គការ ICS-UFER ដោយអ្នកស្រីលីគេ(Lieke)និងបងស្រីស៊ីណា សហការគ្នាទិញផ្ទះជិតព្រះវិហារ ដើម្បីធ្វើជាសាលារៀន សម្រាប់ក្មេងៗ គឺ នៅឆ្នាំ ២០០០ បានបើកសាលាមត្តេយ្យដំបូង។ អ្នកគ្រូប៉ូលីនដែលបង្រៀនភាសា វៀតណាម ក៏ផ្លាស់ប្តូរពីព្រះវិហារមកបង្រៀនក្នុងសាលានេះដែរ ក្រោយមកមានកម្មវិធីអក្ខរកម្មភាសាខ្មែរ។ នៅឆ្នាំ ២០០៨ ដោយសារមានជំនួយពីបងប្អូនវៀតណាមនឹងអង្គការ ICS-UFER បងស្រីស៊ីណា បានរើសផ្ទះចាស់ សាងសង់អគារ ២ ជាន់សម្រាប់សាលារៀន ហើយសម្ភោធនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០០៨។
ចាប់តាំងពីបង្កើតរហូតដល់ ឆ្នាំ ២០១០ មានលោកបូជាចារ្យផ្សេងៗ ផ្លាស់ប្តូរមកជួយកិច្ចការ ណែនាំថែទាំដូចគង្វាល(Pastoral)នៅព្រះសហគមន៍នោះ ជាពិសេសនៅថ្ងៃអាទិត្យ ក្រោយពេលលោក ឪពុក អ៊ុន សុន បានតែងតាំងជាបូជាចារ្យ និងធ្វើជាបូជាចារ្យជំនួយនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច លោកចាប់ផ្តើមឲ្យមានអភិបូជាថ្ងៃពុធបន្ថែមទៀត ហើយលោកឪពុកឆ័ត្រសិរី បានបន្តនៅ ចុងឆ្នាំ ២០០៦។
របៀបណែនាំថែទាំព្រះសហគមន៍ បានផ្លាស់ប្តូរគឺ ឲ្យលោកបូជាចារ្យនៅជាប់នឹងព្រះសហគមន៍ ណាមួយ ល្អជាងដើរចល័តដូរព្រះសហគមន៍រាល់ថ្ងៃអាទិត្យ ហេតុដូច្នេះហើយ នៅចុងឆ្នាំ ២០១០ លោកឪពុកវ៉ាំងសង់ បានអនុវត្តតាមរបៀបថ្មីនេះ គឺទទួលខុសត្រូវនៅព្រះសហគមន៍ស្វាយប៉ាកនេះ ដោយមាន បងស្រីសុភ័ក្រ្តា សូផុន ពីក្រុមគ្រួសារព្រះហឫទ័យព្រះយេស៊ូនៅបាងកក មកជួយអប់រំជំនឿ ក្មេងនិងយុវជន។ គ្រីស្តបរិស័ទបានចូលរួមជាមួយលោកឪពុកធ្វើផ្ទាំងគំនូរ ប្រវត្តិសន្តីម៉ារី ម៉ាដាឡា ដើម្បី ជួយការអប់រំជំនឿ និងធ្វើបន្ទប់ដាក់សម្ភារៈសក្ការៈ លោកពុកឪពុកបានឆ្លៀតឱកាសថ្ងៃសៅរ៍មកស្នាក់នៅ ក្នុងព្រះវិហារតែម្តង។
ឆ្នាំ ២០១៤ លោកឪពុកឆ័ត្រសិរី មកបន្តកិច្ចការណែនាំថែទាំវិញ ដោយមានបងស្រីឡាវ៉ាន់ មកបន្តការងារពីបងស្រីសុភ័ក្ត្រា។ លោកឪពុកបានបង្កើតគណៈកម្មការសង្គហៈ ព្រះសហគមន៍ចាប់ផ្តើម រៀបចំបុណ្យរំលឹកសន្តីម៉ារី ម៉ាដាឡាប្រចាំឆ្នាំ ដោយទទួលរូបសំណាកមកពីថៃ។ នៅឆ្នាំ ២០១៥ បានបង្ហាញសាច់ពិតរបស់រូបសំណាកព្រះហឫទ័យព្រះយេស៊ូ ដែលយកមកពីអារាមកាម៉ែលចាស់ នៅ ជ្រោយចង្វារ។ រូបសំណាកនេះ អញ្ជើញមកនៅទីនេះ ចាប់តាំងពី ឆ្នាំ ២០០០ ដោយតាញីវ និងលោកឪពុកសុន ហើយមានក្រុមបូជនីយចរណ៍មកអធិដ្ឋាន ជាមួយរូបសំណាកនេះដែរ។ រីឯសហគមន៍នៅ គីឡូម៉ែត្រលេខ ៩ មានសាលាមួយដែលអង្គការ COERR ធ្វើឲ្យ បានសភាព ទ្រុតទ្រោម។ ពេលលោកអភិបាលអូលីវីយ៉េមកសួរសុខទុក្ខជាផ្លូវការនៅឆ្នាំ ២០១៤ លោកផ្តល់ យោបល់ថា គួរឲ្យជួសជុលឡើងវិញ។ លោកឪពុកឆ័ត្រសិរីបានប្រមូលថវិការ ជួសជុលឡើងវិញ ហើយប្រសិទ្ធិពរនៅបុណ្យ ណូអែលឆ្នាំ ២០១៥។
លោកឪពុកឆាល កាលេ បានបន្តបេសកកម្ម ចាប់ពីចុងឆ្នាំ ២០១៥។ នៅឆ្នាំ ២០១៦ បងស្រីនុជច៉ារ៉ា ក្រុមគ្រួសារព្រះហឫទ័យព្រះយេស៊ូមកជួយអប់រំជំនឿ។ ព្រះសហគមន៍បង្កើតសាលា បឋមសិក្សា ជំនួសកម្មវិធីអក្ខរកម្ម។ នៅឆ្នាំ ២០១៧ បងស្រីឡាវ៉ាន់មកបន្តការងារទៀត។ ឆ្នាំសិក្សាថ្មីនេះ សាលាមតេ្តយ្យបានប្តូរការគ្របគ្រងពីអង្គការ ឲ្យព្រះសហគមន៍ដំណើរការវិញ នៅឆ្នាំនេះ ព្រះសហគមន៍ បានជួសជុលទ្វារខាងមុខថ្មី និងនៅតែបន្តដំណឹងល្អនៅទីនោះគឺ ជាមួយគណៈកម្មការ, ក្រុមកងពល ព្រះនាងម៉ារី(Legio Mariae) និង ក្រុមយុវជន។
ទោះបីមានសកម្មភាពរបស់បងប្អូនគ្រីស្តបរិស័ទប្រូស្តេស្តង់ យ៉ាងច្រើនដូចជាមានបើកសាលាថ្មី ក៏សាលាមតេ្តយ្យរបស់យើង នៅតែមានក្មេងមករៀនយ៉ាងច្រើន នោះដោយសារមានក្រុមបងស្រី ព្រះហឫទ័យព្រះយេស៊ូយកចិត្តទុកដាក់។ ឆ្នាំ ២០១៨ បានផ្លាស់ប្តូរបងស្រីថ្មី គឺ បងស្រីធិខាណា មកបន្តការងារ ក្រោយមកនៅឆ្នាំ ២០១៩ បងស្រីសុភក្ត្រាបានបញ្ចប់ការសិក្សា ត្រឡប់មកបំពេញ បេសកកម្មខាងអប់រំនេះវិញ រហូតដល់សព្វថ្ងៃ។ ហើយមានការផ្លាស់ប្តូរអ្នកឈរឈ្មោះអនុញាតថ្វាយបង្គំ ដែរ គឺ ពីលោក ពូហង្ស មកជា លោកសេង ឫទ្ធី វិញ នេះជាសញ្ញានៃការរីកចម្រើន ផ្លាស់ប្តូរទៅជំនាន់ថ្មី។ រីឯលោកបូជាចារ្យ មានការផ្លាស់ប្តូរដែរ គឺចុងឆ្នាំ ២០១៩ ព្រះសហគមន៍បានទទួលបូជាចារ្យថ្មី គឺ លោកឪពុកចន ប៉ែង ដែលជួយបម្រើការងារយ៉ាងយកចិត្តទុកដាក់ រហូតដល់សព្វថ្ងៃនេះ(២០២០) មានការបន្តការអប់រំជំនឿ និងកម្មវិធីពិធីបុណ្យជាប្រចាំ។
ចុងឆ្នាំ ២០២២ លោកឪពុក អូហ្គូស្ទិន វ៉ន ដែលកំពុងរៀនភាសាខ្មែរឆ្នាំទីពីរ បានជាជំនួយ។ លោកឪពុកខិតខំរៀនពីរបៀបរបស់ព្រះសហគមន៍ ក្រោមការណែនាំរបស់លោកឪពុកឆ័ត្រសិរី រួមធ្វើដំណើរជាមួយគណៈកម្មការ នៅពេលនោះ មានបងស្រីនារី ក្រុមគ្រួសារឮឧបការគុណជួយការងារណែនាំថែទំាព្រះសហគមន៍ជាមួយលោកឪពុក និង បងស្រីបាំងអន (២០២២-២០២៣) និងបងស្រីស្រាលី ជួយមើលថែខាងសាលាមត្តេយ្យរបស់ព្រះសហគមន៍។ លោកឪពុកបានជួយណែនាំនិងមានការជួសជុលព្រះវិហារខ្លះៗដោយសារទឹកភ្លៀង និង រុះរើសបន្ទប់ឃ្លាំង ធ្វើជាកន្លែងសម្រាប់ក្រុមចម្រៀង ឲ្យមានភាពទូលំទូលាយជាងមុន។ ហើយក៏មានការជំរុញការត្រាស់ហៅដែរ។ ឆ្នាំ ២០២៤ នេះ មានបងប្រុសរតនាកំពុងរៀនទេវវិទ្យា ឆ្នាំទី ១ នៅទេវវិទ្យាល័យសន្តយ៉ូហាន ម៉ារី វីអាន់ណេ នៅភ្នំពេញថ្មី។
Psartoch, PhnomPenh
info@example.com
+012 345 67890
© St.Joseph Catholic Church. All Rights Reserved.
Designed by Dominic Tech Solution