ព្រះសហគមន៍នេះពីដើម ហៅថា “អន្លង់ក្ងាន” ដោយមាន “សន្តយ៉ូសែប” ជាសន្តឧបការី។ គ្រីស្តបរិស័ទ ភាគច្រើនមកពី តំបន់ “ប៊ុឌីង” ក្រោយភ្លើងឆេះផ្ទះនៅឆ្នាំ ២០០១ បំផ្លាញព្រះវិហារទីនោះទាំងស្រុង មានគ្រីស្ត បរិស័ទចំនួន ៦៥ គ្រួសារ។
ឆ្នាំ ២០០៣ ម៊ីងចាន់ធី ដែលជាសមាជិកកម្មការ បានរៀបចំកន្លែងអធិដ្ឋានឡើងវិញ ពីស័ង្កសី ក្នុងដីរបស់យាយណាំ នៅពេលនោះ មានបងស្រីស៊ីណា ពីក្រុមគ្រួសារឧបការគុណ ដែលបម្រើនៅព្រះវិហារ ស្វាយប៉ាក បានមកជួយកិច្ចការណែនំថែទាំខ្លះៗ។ នៅពេលនោះលោកបប់ដែលនៅព្រះសហគមន៍ផ្សារតូច បាន ចាត់ឲ្យលោកបូជាចារ្យជំនួយ គឺ លោកឪពុកសុន មកសួរសុខទុក្ខនិងថ្វាយអភិបូជា រួមជាមួយលោក បូជាចារ្យពីកន្លែងផ្សេងមកជួយដែរ ដូចជា លោកឪពុក អាល់បែរតូ(PIME) ជាដើម
ឆ្នាំ ២០០៥ ព្រះវិហារបានរើសមកនៅលើប្រឡាយទឹកវិញ សាងសង់ពីឈើនិងស្លឹក ពេលនោះ មានអង្គការ ខាងម៉ារីណូល មកធ្វើសកម្មភាពជួយជនក្រីក្រ និងបងស្រីមេត្តាករុណា មកសួរសុខទុក្ខនិងជួយអ្នកជំងឺដែរ។ គណៈកម្មការប្រើកន្លែងព្រះវិហារសម្រាប់បង្រៀនភាសារៀតណាម និងអប់រំជំនឿ ជាពិសេសភាសាអង់គ្លេស បានសហការជាមួយក្រុមជុំនំនៅតំបន់នោះដែរ។ ហើយក្រោយមក ក្រុមគ្រួសារឧបការគុណបាន បញ្ជូនបងស្រី អាន់ម៉ារី មកបំពេញកិច្ចការណែនាំថែទាំក្នុងព្រះសហគមន៍នេះ។
ចាប់ពី ឆ្នាំ ២០០៦ លោកឪពុកឆ័ត្រសិរី ទៅបន្តកិច្ចការណែនាំថែទាំនៅតំបន់នោះ ដោយទៅ ថ្វាយអភិបូជានៅទីនោះមួយខែម្តង ពេលនោះមានលោកឪពុកបប់ វិន ពីអង្គការម៉ារីណូល និងលោកឪពុក តេជិន(SJ) មកជួយថ្វាយអភិបូជាម្តងម្កាលដែរ។ នៅខែតុលា ឆ្នាំ ២០០៩ លោកឪពុក ឆ័ត្រសិរី បានរកជំនួយ ទិញផ្ទះមួយ ហើយធ្វើរួម ដើម្បីជាព្រះវិហារ ដោយយកឈើខ្លះពីព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច។ លោកអភិបាល អេមិល ដេតម្ប អញ្ឌើញមកសម្ភាធ ព្រះវិហារថ្មីនេះ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១០។
នៅកណ្តាលឆ្នាំ ២០១០ លោកឪពុកវ៉ាំងសង់ បានបន្តកិច្ចការណែនាំថែទាំ លោកបាន បង្កើតក្រុមកាយរិទ្ធ និងពង្រឹងក្រុមយុវជន ដោយមានបងស្រីអាន់ ម៉ារីជួយ។ នៅឆ្នាំ ២០១៣ តាមយោបល់របស់គណៈកម្មការ លោកបានសម្រេចទិញផ្ទះមួយជាប់ព្រះវិហារខាងជើង ហើយបន្តពង្រីកព្រះវិហារទៅម្ខាងទៀត ធ្វើឲ្យព្រះវិហារ កាន់តែស្អាតនិងមានកន្លែងទូលាយជាងមុន សម្រាប់ការអប់រំជំនឿនិងកម្មវិធីផ្សេងៗ។
នៅឆ្នាំ ២០១៤ លោកឪពុកឆ័ត្រសិរី មកវិញពីការសិក្សាក្រៅប្រទេស មកទទួលបន្ទុកបន្ត លោកទិញផ្ទះ ២ ល្វែងបន្ថែមទៀត ដើម្បីអប់រំជំនឿនិងជាកន្លែងសម្រាកសម្រាប់បងស្រី។ នៅពេលនោះមានបងស្រីសុភ័ក្ត្រា(SHB) ដែលជួយនៅស្វាយប៉ាក បានមកជួយអប់រំជំនឿ ហើយក្រោយមកមានបងស្រីចាន់ថា ពីក្រុមគ្រួសារឧបការគុណ មកបន្ត។ នៅឆ្នាំ ២០១៥ មុនខែភ្លៀង ព្រះសហគមន៍បានសហការជាមួយបងប្អូនក្នុងភូមិ ដើម្បីចាក់សាបផ្លូវជាង មួយរយម៉ែត្រ ដើម្បីជួយឲ្យបងប្អូនងាយស្រួលពេលធ្វើដំណើរ។
ចាប់ពីខែកញ្ញា ឆ្នាំ ២០១៥ លោកឪពុកឆាល បន្តការណែនាំ។ នៅឆ្នាំ ២០១៦ មានបង ប្រុសប៊ុនលី ទៅជួយអប់រំជំនឿនៅទីនោះដែរ ហើយចុងឆ្នាំ ២០១៧ នេះ បងស្រីដារុនី(SHB)មកជួយព្រះសហគមន៍នេះ។ សព្វថ្ងៃនេះ មានគ្រីស្តបរិស័ទជាងម្ភៃគ្រួសារ មានក្រុមកងពលព្រះនាងម៉ារី ក្រុមយុវជនដែលជួយរៀបចំ ចម្រៀងនិងពិធីបុណ្យនៅទីនោះ។ ចាប់ពីចុងឆ្នាំ ២០១៩ លោកឪពុកចន ប៉ែង មកបម្រើព្រះសហគមន៍នៅទីនោះ។
ក្រោយស្ថានការណ៍កូវីដ ១៩ បានធូស្រាល ព្រះវិហារ មានភាពទ្រុឌទ្រោមបណ្តើរៗ នៅដើមឆ្នាំ ២០២២ លោកពុកឆ័ត្រសិរី បានត្រៀមគម្រោងការជួសជុលព្រះវិហារឡើងវិញ ដោយសរសេរគម្រោងការសុំថវិការពីសមាគមសន្តអាសនៈដើម្បីការប្រកាសដំណឹងល្អ(POPF) នៅចុងពេលវេលារបស់លោកឪពុកចន។ លោកពុកអូហ្គូស្ទិន វ៉ន បានបន្តការណែនាំថែទាំនៅចុងឆ្នាំ ២០២២ ក៏បន្តគម្រោងការ ប៉ុន្តែបានឃើញបញ្ហា ការមិនអាចធ្វើឲ្យរឹងមាំបានទេ ព្រោះនៅដីសាធារណៈ ក៏លោកពុកបានសម្រេចចិត្ត ធ្វើគម្រោងការ សុំថវិការបន្ថែមទិញដីនៅឆ្នាំ ២០២៣ ដោយការគាំទ្រទីគ្រីស្តបរិស័ទនៅប្រទេសកូរ៉េ តាមរយៈក្រុមសាសនទូតកូរ៉េ។ ហើយថវិការពីរ៉ូម ក៏មកដល់ល្មម បានជាយើងសហការគ្នា សាងសង់ព្រះវិហារថ្មីតែម្តង នៅចុងខែកក្កដា ឆ្នាំ ២០២៣ រហូតដល់មានការសម្ភោធនៅថ្ងៃបុណ្យសន្តយ៉ូសែប ខែមីនា ឆ្នាំ ២០២៤។ ហើយបេសកកម្មក៏បានបន្តក្នុងចំណោមបងប្អូនក្រីក្រនៅភូមិសែនសុខ។
Psartoch, PhnomPenh
info@example.com
+012 345 67890
© St.Joseph Catholic Church. All Rights Reserved.
Designed by Dominic Tech Solution